ទំនាក់ទំនង​ផ្សាយ​ពាណិជ្ជ​កម្ម​

 

នៅពេលខ្ញុំរៀនថ្នាក់ទី៣ ខ្ញុំបានផ្ទេរការសិក្សាមកទីរួមខេត្តកំពត មករៀននៅឯសាលាបឋមសិក្សាមហាសាមគ្គី ថ្នាក់ទី៣គ។ ជីវិតសិក្សា ការរាប់អានមិត្តភក្ដិ អ្វីៗបានប្រែប្រួល។ ពេលមកដល់ដំបូងមិត្តភក្ដិក៏ខ្សត់, ពេលចេញលេងគ្មានអ្នកណាលេងជាមួយ បានត្រឹមឈ្ងោកដីទាត់គ្រាប់ក្រួស។

ថ្ងៃមួយពេលចេញលេងខ្ញុំទាត់គ្រាប់ក្រួសលេង ខ្ញុំបានប្រទះចិញ្ចៀនមួយវង់តូច ធ្វើពីមាស១៨K (ដែលបងប្អូននិយមហៅថាមាសប្លាទីន) មានត្បូងពណ៌ក្រហមចាស់ពិតណាស់គឺត្បូងទទឹម។
មានលាភហើយថ្ងៃនេះ! ខ្ញុំគិត បើយកចិញ្ចៀននេះទៅឲ្យម៉ាក់ ប្រាកដជាលក់បានលុយហើយទិញរបស់លេងច្រើនៗឲ្យខ្ញុំ :)

ខ្ញុំកាន់ចិញ្ចៀនបង្វិលចុះឡើង, ចិញ្ចៀននេះរចនាជាម៉ូតចិញ្ចៀនក្មេងស្រី។ ក្មេងស្រី? ថ្មើរនេះរកចិញ្ចៀនមិនឃើញ មិនដឹងនាងយំប៉ុណ្ណាទេ! ពេលទៅដល់ផ្ទះប្រាកដជាត្រូវឪពុកម្ដាយស្ដីបន្ទោស, ថាមិនត្រូវ អាចនឹងរងរំពាត់ទៀត។ មិនតែប៉ុណ្ណេះសោតក្រុមគ្រួសារនឹងបាត់បងទំនុកចិត្ត រួចលែងឲ្យពាក់របស់មានតម្លៃទៀត រយៈពេល១ខែ ២ខែ ៣ខែ ឬ១ឆ្នាំ? ក្មេងស្រីចូលចិត្តស្អាតយ៉ាងនេះ តើនាងនឹងខូចចិត្តប៉ុណ្ណា?
សំណូរជាច្រើនចាក់ស្រែះពេញខួរក្បាលខ្ញុំ។ គិតចុះគិតឡើង វាមិនមែនរបស់ខ្ញុំទេ, ខ្ញុំអាចចាត់ទុកថាមិនបានឃើញទៅចុះ! ខ្ញុំសម្រចចិត្តហើយ ត្រូវតែរកម្ចាស់ដើម ហើយប្រគល់ឲ្យគេវិញ!

តើខ្ញុំទៅរកម្ចាស់គេនៅឯណា? ប្រហែលជាមិនទាន់ទៅឆ្ងាយទេ, ខ្ញុំក៏ស្រែកប្រកាស! បន្តិចក្រោយមកក៏មានក្មេងប្រុសម្នាក់អាយុស្របាលខ្ញុំចេញមកអះអាងថាចិញ្ចៀននោះជារបស់ប្អូនស្រីជីដូនមួយគេដែលរៀននៅថ្នាក់ទី៣ឃ។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរ, មិនមែនចង់ប្ដូរចិត្តយកទុកខ្លួនឯងទេ តែគឺមិនទុកចិត្តគេ!
តើគេនិយាយជាការពិត? ខ្ញុំសួរហើយសួរទៀត រួចសម្លឹងមើលកែវភ្នែកក្មេងម្នាក់នោះ (ឃើញថាជាខ្សែភ្នែកស្មោះត្រង់)… ណ្ហើយធ្វើល្អខុសមនុស្ស ប្រសើរជាងធ្វើមិនបានធ្វើ! បើគេបោកប្រាស់យើងមែន កម្មគេអ្នកទទួល, អំពើល្អយើងមិនសាបសូន្យទេ!
ខ្ញុំហុចចិញ្ចៀនឲ្យគេហើយប្រាប់ថា “កុំឲ្យដឹងថាឯងកុហកណា!”
“អត់ទេ, របស់ប្អូនខ្ញុំមែន” ក្មេងនោះតប

ស្នូរជួងបន្លឺឡើង ខ្ញុំចូលរៀនធម្មតា!
មួយស្របក់ក្រោយគ្រូនិងសិស្សមួយថ្នាក់មកដល់ថ្នាក់ខ្ញុំ!
បន្ទាប់ពីគ្រូប្រចាំថ្នាក់និយាយខ្សឹបជាមួយអ្នកគ្រូខ្ញុំរួច, អ្នកគ្រូខ្ញុំក៏ប្រកាសសួរ
“អ្នកណាអ្នករើសបានចិញ្ចៀននេះ?”
អុញនោះមានរឿងអ្វី, តិចគេចោទថាខ្ញុំលួចចិញ្ចៀនគេទៅ ខ្ញុំស្ទាក់ស្ទើរមិនហ៊ានឆ្លើយ។
“ឯងអ្នករើសបានម៉េចមិនលើកដៃទៅ?” មិត្តរួមថ្នាក់ដែលបានដឹងរឿងនោះស្រែកខ្លាំងៗ!
“បាទ...បាទខ្ញុំ” ខ្ញុំឆ្លើយទាំងនៅភ័យ!
“កុំភ័យអី ពួកយើងមកនេះគ្រាន់តែចង់អរគុណតែប៉ុណ្ណោះ” គ្រូប្រចាំថ្នាក់៣ឃ ប្រាប់ដោយឃើញខ្ញុំភ័យ!
អ្នកគ្រូខ្ញុំអើយគ្រាន់តែអ៊ីចឹងសោះក៏សម្លុតម្លេះ? ដឹងទេអូនខ្លាច! :D
ឃើញខ្ញុំរាងបាត់ភ័យបន្តិចអ្នកគ្រូម្នាក់នោះក៏បន្ត៖
“ពួកយើងជាគ្រូនិងសិស្សនៅថ្នាក់ទី៣ឃជាប់ថ្នាក់ប្អូននេះ មកពេលនេះចង់អរគុណប្អូនដែលរើសបានហើយប្រគល់ឲ្យម្ចាស់ដើមវិញ”
“មិនអីទេអ្នកគ្រូ, បើគ្មានបងជីដូនមួយគេទេ ក៏ចិញ្ចៀននេះមិនបានដល់ដៃប្អូនស្រីដែរ!” ខ្ញុំតប
“មកកូនឆាប់អរគុណបងទៅ” អ្នកគ្រូបានហៅ!
“អរគុណបង” ក្មេងស្រីនោះអរគុណទាំងញញិម
“មិនអីទេ” ខ្ញុំតប
អរគុណចប់សព្វគ្រប់ពួកគេក៏ត្រឡប់ទៅថ្នាក់គេវិញ។ អ្នកគ្រូខ្ញុំញញិមបិទមាត់មិនជិត
អ្នកគ្រូបន្ថែមថា “កូនៗ ត្រូវយកគំរូតាម ពិចិត្រ, ពេលរើសរបស់បាន ត្រូវយកឲ្យម្ចាស់ដើម, ដាក់ក្នុងប្រអប់រើសបាន ឬប្រាប់អ្នកគ្រូ!”
“បាទ, ចាស” សិស្សទាំងអស់ឆ្លើយព្រមគ្នា!
ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ដោយបានធ្វើអំពើល្អមួយបានជោគជ័យ!

ចុះបើជាមិត្តជាខ្ញុំវិញ, តើមិត្តនឹងធ្វើយ៉ាងណា?

ចាប់ពីថ្ងៃនោះមក, ខ្ញុំក៏មិនបានជួបនាងទៀតទេ… បើគិតដល់បច្ចុប្បន្នប្រហែលជានាងធំពេញក្រមុំហើយពេលនេះ!!!

PS: ជួយ Like Comment Share ផងក្រែងម្ចាស់ចិញ្ចៀនបានឃើញ  :D

ភ្នំពេញ, ថ្ងៃអាទិត្យ ទី០៧ ខែសីហា គ.ស២០១៦
ដោយ អុិន ពិចិត្រ #RichardEn

Post a Comment

ទំនាក់ទំនង​ផ្សាយ​ពាណិជ្ជ​កម្ម​

Visitor Counter

Flag Counter
 
Top