ភូមិទេសចរណ៍ត្រពាំងសង្កែ ជាដែនប្រជាសហគមន៍នេសាទ បានប្រែក្លាយអភិវឌ្ឍទៅជាភូមិទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅមិនឆ្ងាយពីក្រុងកំពត។
ធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ពីកំពតមកខេត្តកែបចម្ងាយជាង ៧ គីឡូម៉ែត្រ អ្នកដំណើរនឹងឃើញផ្ទាំងប៉ាណូស្វាគមន៍ភូមិទេសចរណ៍ត្រពាំងសង្កែ ដែលរំលេចនូវរូបភាពទេសភាពដ៏ស្រស់ត្រកាលភូមិទេសចរណ៍ធម្មជាតិមួយនេះ។ បត់ស្តាំចុះពីផ្លូវជាតិប្រមាណត្រឹម ៣០០ ម៉ែត្រ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋ នឹងចូលដល់ទីតាំងភូមិទេសចរណ៍ត្រពាំងសង្កែ ដែលស្ថិតនៅក្បែរដៃសមុទ្រមានឈ្មោះថា«ព្រែកក្បាលរមាស»។
លោក សឹម ហ៊ីម ប្រធានសហគមន៍ទេសចរណ៍ត្រពាំងសង្កែបានឲ្យដឹងថា ភូមិត្រពាំងសង្កែបានវិវឌ្ឍពីភូមិនេសាទទៅជារមណីយដ្ឋានទេសចរ ស្ថិតនៅមិនឆ្ងាយពីក្រុងកំពត។ តំបន់កម្សាន្តបង្កើតឡើងដោយសហគមន៍នេះ ការរៀបចំលក្ខណៈសមញ្ញសម្រាប់ភ្ញៀវដែលត្រូវកន្លែងបន្ធូរអារម្មណ៍ក្នុងបរិយាកាសធម្មជាតិ។
កម្សាន្តភូមិទេសចរណ៍ត្រពាំងសង្កែ ភ្ញៀវនឹងរីករាយនឹងខ្យល់អាកាសបរិសុទ្ធពីដៃសមុទ្រ ការគយគន់ស្រែស្រូវច្បារដំណាំ ពិសេសស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ សំខាន់មិនអាចខកខានបានគឺការធ្វើទេសចរណ៍ក្នុងដែនធម្មជាតិ ចាំបាច់ត្រូវបន្តដំណើរតាមទូកក្នុងព្រែកក្បាលរមាស ដែលនៅអមសងខាងជាមួយទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក ដើម្បីបានដល់តំបន់អេកូទេសចរណ៍ព្រៃកោងកាងនាឆ្នេរសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ផ្ទាល់។
ប្រធានសហគមន៍រូបនេះបន្តថា ក្រៅពីការផ្តិតយកទេសភាពដ៏ខៀវស្រងាត់ ភ្ញៀវអាចសម្រាកក្នុងពេលរាត្រី គយគន់ទូកអ្នកនេសាទ ស្តាប់សំឡេងសត្វ ពិសេសមើលពន្លឺភ្លើងនៃហ្វូងអំពិលអំពែក។
ក្នុងការប្រែក្លាយជាតំបន់អេកូទេសចរណ៍ សហគមន៍ក៏បានរៀបចំផ្ទះបឹងហ្គាឡូសម្រាប់ភ្ញៀវដែលត្រូវការស្នាក់នៅ រួមទាំងមានសេវាបម្រើម្ហូបអាហារមិនឲ្យខ្វះចន្លោះឡើយ។
សូមទស្សនាខ្សែវីដេអូដូចតទៅ៖
អ៊ិន ពិចិត្រ
បើមានព័ត៌មានបន្ថែម
ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ
093 999 871 (៧ព្រឹក-៥ល្ងាច) (2) សារអេឡិចត្រូនិច pichet_in@yahoo.com (3)
LINE, VIBER: 010 912 871 (4) តាមរយៈទំព័រហ្វេសប៊ុក អ៊ិន ពិចិត្រ : https://www.facebook.com/pichet.in.official.page
Post a Comment