រំឭកដល់កុមារភាព... នារសៀលថ្ងៃអាទិត្យមួយ ខ្យល់បក់ត្រសៀកៗត្រជាក់កាយ, ខ្ញុំចាប់សៀវភៅអានកម្សាន្តអារម្មណ៍ នៅរានហាលក្រោមម្លប់ដើមខ្នុរ ខាងកើតផ្ទះ។ វឹប...! ទោះជាខ្ញុំមិនស្និទ្ធជាមួយវា ដូចក្មេងស្រុកស្រែដទៃ ក៏ខ្ញុំស្គាល់ច្បាស់ថាជាស្នូរចម្ពាមកៅស៊ូ!
“អេ! ណាគេបាញ់អី?” (ខ្ញុំសួរខ្លីតាមសម្ដីគ្រាមភាសា)
“បាញ់កាកែវ ជិតបានហើយ ត្រូវស្លាប ទំនៅមែកខ្នុរហ៎!” កាកែវ ក្មេងម្នាក់ក្នុងចំណោមក្មេងបីនាក់តបដែលសំដៅលើសារិកាកែវតូចកម្សត់ដែលទំ ញ័រៗលើមែកខ្នុរផ្ទះខ្ញុំ! មិនខុសទេ ទោះជាសារិកាបាយ មានសម្បុរដូចគ្នា រាងដូចគ្នាជាច្រើនក្ដី ក៏ខ្ញុំអាចចំណាំបានថាវាជាសារិកាកែវដែលតែងចុះមកចឹកគ្រាប់បាយជាមួយមេបាវានៅផ្ទះខ្ញុំ។
“កាកែវខ្ញុំទេ!” ខ្ញុំតបទាំងដឹងថាជីវិតមួយ មិនមែនជាកម្មសិទ្ធិអ្នកណាទេ សូម្បីខ្លួនឯងក៏មិនមែនរបស់ខ្លួនផង ដូចព្រះពុទ្ធបានត្រាស់ថា អនិច្ចំ ទុក្ខំ អនត្តា (គ្មានអ្វីដែលនៅទៀងទាត់ មានរូបមានទុក្ខ ខ្លួនមិនមែនជារបស់ខ្លួន)។ តែបើមនុស្សចាត់ទុកសត្វដែលខ្លួនចិញ្ចឹមជារបស់ខ្លួន នោះសារិកានោះជារបស់ខ្ញុំ, ខ្ញុំគិត!
“របស់ឯង!” ក្មេងម្នាក់ទៀតតម្លើងសម្លេងដាក់ខ្ញុំ! “កុំមក៍កុហក! កាកែវ អញខំតាមបាញ់ចម្ងាយណាណី របស់អ្ហែង?”
“វាគ្រាន់ដែរហើររកស៊ីនៅឆ្ងាយតើ!” ខ្ញុំដោះសារ!
“បើកាកែវអ្ហែងមែន ម៉េចអត់កងជើង?” ក្មេងទី៣លូកមាត់!
ខ្ញុំតបវឹងថា “កាកែវខ្ញុំតូចអ៊ីចឹង ដាក់កងជើងហើរម៉េចរួច?”
“ចុះមិនដាក់វាក្នុងទ្រុង ឲ្យហើរធ្វើអី? ហើរតែពាសអ៊ីចឹងអាណាដឹងរបស់អ្ហែង?” វាដេញដោលបន្ដ!
“ដាក់ទ្រុងធ្វើអី, នៅទ្រុងម៉េចមានសេរីភាព ឲ្យវាហោះអ៊ីចឹងហើយ!” ខ្ញុំតប
“ហាហា, និយាយអ៊ីចឹង សត្វហើរពេញមេឃសុទ្ធតែរបស់អ្ហែងហើយ!” ក្មេងម្នាក់សម្ដីកាចជាងគេចំអកដាក់ខ្ញុំ!
“មែនហើយ ឲ្យតែស៊ីបាយផ្ទះយើង សុទ្ធតែរបស់យើងទាំងអស់!” ខ្ញុំតបយ៉ាងម៉ឺងម៉ាត់
ស្របពេលនោះយាយខ្ញុំក៏ដើរមក “មានរឿងអីក្មេងៗឡូឡាម្លេះ?” “ពួកវាបាញ់កាកែវយើង!” ខ្ញុំប្ដឹងគាត់ “មែនហើយ, យើងបាចបាយឲ្យវាស៊ីរាល់ថ្ងៃ! កុំបាញ់វាអីនាំតែបាបចៅ!” យាយខ្ញុំជួយសុំ! ទោះជាយើងកាត់ខ្សែស្រឡាយចិនទៀជីវមែន តែរឿងបុណ្យបាបយាយខ្ញុំតែងតែប្រដៅមិនដាច់!
“បាបចោច! អាម៉ាឯងកុំកាន់ជើងចៅពេក, កាកែវព្រៃសោះអត់ឲ្យគេបាញ់ដែរ!” (ម៉ា = យាយ)
“កុំនិយាយច្រើនពេកបាញ់ទៅ ល្ងាចហើយ” គ្នាវាតឿន ផូស! សារិកាកម្សត់ធ្លាក់ដល់ដី!
“អត់ឲ្យយកទៅទេ...!” ខ្ញុំស្រែកទាំងទឹកភ្នែក!
“ឲ្យគេយកទៅកូន វាមិនរស់ទេ” ម៉ាក់ខ្ញុំចេញមក!
“ខ្ញុំព្យាបាលវា!” ខ្ញុំតបទាំងទឹកភ្នែក
“វាងាប់បាត់ហើយចៅ យើងខំជួយវាអស់លទ្ធភាពហើយ!” យាយខ្ញុំបន្ថែម
ខ្ញុំងាកមើលសារិកាកែវទន់ក រងាក ត្រូវបានពួកវាយួរជើងឡើងលើកាន់ដើរទៅទាំងញញិមបិទមាត់មិនជិត! ឲ្យមនុស្សម្ដេចសប្បាយនឹងការសម្លាប់ម្លេះ? សុំទោសយើងជួយឯងមិនបាន!!!
អ្វីដែលកាន់តែក្ដុកក្ដួល ល្ងាចថ្ងៃដដែលសារិកាញីឈ្មោល១គូ នៅលោតចុះឡើងដូចកំពុងរកអ្វីមួយខណៈដែលសារិកាផ្សេងទៀតនាំគ្នាចូលទ្រនំ! ច្បាស់ណាស់រកកូន!
“កូនឯងងាប់ហើយ…” ខ្ញុំពោលតិចៗ ទោះជាបាត់បង់សារិកា១ក៏ដោយ ក៏ខ្ញុំនៅមានសារិកាផ្សេងទៀតដែរ ដែលបន្ដចុះមកស៊ីបាយនៅផ្ទះខ្ញុំ... កកូនពូនជាចៅនៅដើមឈើជុំវិញផ្ទះខ្ញុំ...! ពេលវេលាកន្លងផុតទៅ បច្ចុប្បន្នដើមក៏ខ្នុរងាប់បាត់, តែអ្វីដែលនៅបន្ត គឺសារិកានៅតែចុះមកស៊ីបាយ រាល់ថ្ងៃដោយឥតភ័យព្រួយ ព្រោះទល់ពេកនេះផ្ទះខ្ញុំធ្វើរបងរួចហើយ ហើយមិនបារម្មណ៍ក្មេងបាញ់សត្វណាអាចចូលបានតាមចិត្តទៀតទេ៕
ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា គ.ស២០១៦
ដោយ អ៊ិន ពិចិត្រ
***ការគាំទ្ររបស់អ្នក ជាកម្លាំងចិត្តរបស់ខ្ញុំ*** រីករាយស្វាគមន៍នូវរាល់មតិ និងការរិគន់ស្ថាបនា!
សត្វសារិកានៅផ្ទះខ្ញុំ
Post a Comment